ទីបំផុតដឹងការពិតហើយ!!! សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ឧកញ៉ា ឌួង ងៀប លក់ដីខ្យល់តម្លៃ៧លានដុល្លារឲ្យបុរសតៃវ៉ាន់ ហើយថានឹងបន្តអនុវត្ត…កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ លោកឧកញ៉ា ឌួង ងៀប បានចេញវីដេអូមួយ ដោយលើកដៃសំពេះ អំពាវនាវស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ ទៅតុលាការកំពូល ដើម្បីអោយតុលាការកំពូលចុះមកអធិការកិច្ចពិនិត្យមើលសំ-ណុំរឿងរបស់លោកនៅសាលាដំបូងរាជធានីភ្នំពេញ។ការលើកដៃសំពេះស្នើសុំអន្តរាគមន៍នេះ ដោយលោកឧកញ៉ាលើកហេតុផលថា លោក បានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់លោកថា បានឆបោកជនជាតិតៃវ៉ាន់។ក្រោយមក នៅព្រឹកទី៨ ខែកុម្ភៈ លោក ឌួង ងៀប ក៏បានឈរនៅចំពីមុខខ្លោងទ្វារពន្ធនាគារព្រៃស រាជធានីភ្នំពេញ ហើយនិយាយថា «ខ្ញុំអស់លុយហើយ ឥឡូវតុលាការហៅខ្ញុំទៅសួរអី នាំខ្លួន ចា-ប់ខ្លួនអី ឥឡូវខ្ញុំចូលគុកខ្លួនឯងតែម្ដងទៀត ចេញដីកាឃុំខ្លួនខ្ញុំចុះ»។
លោក បានបញ្ជាក់ថា «ទៅដល់ ទាល់តែកាន់លុយទៅបានរួចខ្លួន បើមិនអញ្ចឹងទេរួចខ្លួនតែឥឡូវខែក្រោយទៀត។ ឥឡូវបើថាខ្ញុំខុសធ្វើទៅ យកខ្ញុំឃុំដាក់គុកម្ដងទៅ»។ចំពោះការចោទប្រកាន់របស់តុលាការ ពាក់ព័ន្ធនឹងការឆបោកលុយជនជាតិតៃវ៉ាន់នោះ, លោកឌួង ងៀប ខ្លួនឯង បានបដិសេធចោទទាំងស្រុង ដោយលើកឡើងថា «លោកមិនដែលបានទៅរកស៊ីជាមួយចិនតៃវ៉ាន់ទាំងអស់នោះទេ»។បន្ទាប់ពីមានការដង្ហោយទាមទាររកយុត្តិធម៌ ដោយថាខ្លួន បានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅនោះ, សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានជម្រាបជូនថា ៖សំ-ណុំរឿងព្រហ្មទណ្ឌលេខ: ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើឈ្មោះឌួង ងៀប តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ១៨៣៤ អយជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលមានដើមប-ណ្តឹងឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧៣០៥០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀបរួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ខាងលើនេះ លោក ដួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក សរុបទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ទៅឱ្យដើមប-ណ្តឹងរដ្ឋប្បវេណី។ តុលាការថា មូលប្បទានប័ត្រដែលលោក ឌួង ងៀប ចេញឱ្យដើមប-ណ្តឹងរដ្ឋប្បវេណីនោះគឺគ្មានសាច់ប្រាក់នោះទេ នៅពេលដែលដើមប-ណ្តឹងរដ្ឋប្បវេណីយកទៅបើកនៅធនាគារ។អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យ ផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឱ្យដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួនទឹកប្រាក់ជាង៥លានដុល្លារអាមេរិក មកតម្កល់នៅគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ។អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេ-ចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា
“សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេ-ចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”។ងាកមកបុរសតៃវ៉ាន់វិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានចេញវីដេអូមួយផងដែរ ដោយក្នុងវីដេអូនោះ លោកបានរៀបរាប់ថា លោកបាន ឃើញវីដេអូ លោកឌួង ងៀប ចេញនៅថ្ងៃទី៨ ខែកុម្ភៈ និយាយអ្វីទាំងអស់ សុទ្ធតែមិនមែនជាការពិត។ លោកថា លោកចេញមកនេះ ដោយមិនពាក់ម៉ាស់ ចង់បញ្ជាក់ពីការពិត លោកមិនបានធ្វើអីខុស។លោកថា ទី១ ដូចលោក ឌួង ងៀប និយាយថា អត់ស្គាល់ម្ចាស់ភាគហ៊ុន ក្រុមហ៊ុន វិនិយោគរបស់លោកទេ។ ប៉ុន្តែក្នុងឆ្នាំ២០១៧ ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនលោក បានមកស្រុកខ្មែរដើម្បីវិនិយោគជាមួយលោក ឌួង ងៀប ដូចមានរូបថតបញ្ជាក់ ដូចជាការពិភាក្សាការងារ, ញុំាបាយជុំគ្នា ហើយនៅឆ្នាំ២០១៩ នៅថ្ងៃបើកពិធីសម្ពោធបុរី, ម្ចាស់ភាគហ៊ុនរបស់លោក ក៏បានមកចូលរួមក្នុងពិធីនោះដែរ។ ហេតុអ្វី លោកឌួង ងៀប បាននិយាយថា មិនស្គាល់ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនលោក។លោកបន្តថា ទី២ លោក ឌួង ងៀប
បាននិយាយថា បានចេញសែត២សន្លឹកជូនក្រុមហ៊ុនលោក។ ប៉ុន្តែមិនពិតទេ គឺ៣សន្លឹក។ លោកបន្ថែមថា នៅពេលលោក ប្រជុំជាមួយលោក ឌួង ងៀប និយាយពីការវិនិយោគទៅលើដីមួយកន្លែងនៅផ្លូវហាណូយ ក្រុមហ៊ុនរបស់លោក ក៏បានយល់ព្រម ហើយប្រគល់លុយឲ្យលោកឌួង ងៀប ដើម្បីវិនិយោគលើនេះមួយកន្លែងនោះ។លោក បានបន្តទៀតថា ជាចុងក្រោយ លោក ឌួង ងៀប បានធ្វើឯកសារ និងការទិញដីមួយកន្លែងនោះ មិនបានសម្រេច។ ក្រោយមក ក្រុមហ៊ុនរបស់លោក បានសម្រេចឲ្យលោកឌួង ងៀប ផ្ទេរលុយត្រឡប់មកក្រុមហ៊ុនវិញ។ ពេលនោះ លោកឌួង ងៀប បានចេញសែត៣សន្លឹក ជូនមកក្រុមហ៊ុនរបស់លោក។ ប៉ុន្តែពេលក្រុមហ៊ុនយកសែតទៅបើកលុយ ក្នុងសែតនោះ មិនមានលុយនោះទេ។លោក បានបន្តទៀតថា ក្រុមហ៊ុនរបស់លោក បានខឹងលោកជាខ្លាំង ថាលោក បានសហការជាមួយលោក ឌួង ងៀប លេបលុយក្រុមហ៊ុន ដូច្នេះហើយ ក្រុមហ៊ុនបានប្ដឹងលោក និងលោកឌួង ងៀប ទៅតុលាការ។លោក បញ្ជាក់ទៀតថា ទី៣ លោក ឌួង ងៀប បាននិយាយថា
លោកបាន យកលុយក្រុមហ៊ុនរបស់លោក ឌួង ងៀប ចំនួន១លានដុល្លារ លោកទទួលស្គាល់។ មួយទៀត លោក ឌួង ងៀប បាននិយាយថា លោកបានប្រាប់លោកឌួង ងៀបថា លោក បានយកលុយចំនួន៥០ម៉ឺនដុល្លារជូនលោកស្រី ខុង លីស៊ីអាណា ទៅលេងល្បែងទឹកភ្លៀងអស់ហើយ។លោកថា រឿងនេះ មិនពិតទេ ដោយសារការយកប្រាក់នេះ មានដំណាក់កាលរៀងៗខ្លួន ហេតុអ្វីបានថា ៥០ម៉ឺនហ្នឹង យកទៅឲ្យលោកស្រី ខុង លីស៊ីអាណា។ លោក ហ៊ាន និយាយថា នេះមិនមែនជាការពិត។ លោកស្បថ អ្វី ដែលលោក និយាយជាការពិតទាំងអស់។ចុងបញ្ចប់នៃវីដេអូ គេឃើញជនជាតិតៃវ៉ាន់ នោះ លុតជង្គង់លើកដៃសំពេះ សំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្រេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់ និង ប្រជាពលរដ្ឋទូទាំងប្រទេស ជួយរកយុត្តិធម៌ដល់លោក ព្រោះលោកឌួង ងៀប បានលេបលុយរបស់លោកជាង១០លានដុល្លារ ហេតុអ្វី បានធ្វើបាបលោកអញ្ចឹង។ លោក និងលោកឌួង ងៀប ជាបងប្អូនល្អ លោកសូមអង្វរ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយរកយុត្តិធម៌ឲ្យលោកផង៕